ការចែករំលែក

ខ្ញុំឈ្មោះបងប្រុសជួរ ដាម៉ូ ជាសមាជិកមួយរូបក្នុងក្រុមសហជីវិនព្រះយេស៊ូ (ដែលគេតែងហៅជាសាមញ្ញថា «ក្រុមជេស្វីត»)។ សព្វថ្ងៃខ្ញុំកំពុងបំពេញការសិក្សា នៅទេវវិទ្យាល័យឡូយ៉ូឡា នាទីក្រុងម៉ានីល ក្នុងប្រទេសភីលីពីន។

ខ្ញុំបានចូលជាបព្វជិតក្នុងក្រុមជេស្វីតនេះតាំងពីឆ្នាំ២០១២ ក្រោយពីធ្វើការរិះគិត ពិចារណា និងថ្លឹងថ្លែងអស់រយៈពេលដ៏យូរ។ អ្វីដែលនាំខ្ញុំអោយឈានជើងជ្រើសផ្លូវជីវិត មួយនេះ គឺមានកត្តាជាច្រើនជួយជំរុញ មិនថាជាកត្តាក្រៅ ឬក៏ក្នុងខ្លួនរបស់ខ្ញុំនោះឡើយ។ តាមពិតទៅយើងម្នាក់ៗសុទ្ធតែមានការត្រាស់ហៅមិនថាយើងត្រូវបានហៅអោយបម្រើអ្នក ដទៃក្នុងជីវិតជាបព្វជិត ឬជាគ្រហស្ថ ជាអ្នកដឹកនាំ ឬជាអ្នកអប់រំ ជាអ្នករកស៊ី ឬជាអ្នកបំពេញកិច្ចការរាជការនោះទេ។ គ្រប់ជម្រើសជីវិតរបស់យើងសុទ្ធតែជាការឆ្លើយតប របស់យើងទៅនឹងការត្រាស់ហៅដែលយើងគិតថានឹងនាំយើងអោយមានអំណរក្នុងជីវិត និងរស់នៅពេញបរិបូរណ៍ជាមនុស្ស។

ជីវិតការត្រាស់ហៅរបស់ខ្ញុំចាប់ផ្តើមពេលខ្ញុំនៅតូច។ តាមពិតទៅក្រុមគ្រួសាររបស់ខ្ញុំ គឺសុទ្ធតែពុទ្ធបរិស័ទដែលបានទទួលពិធីជ្រមុជទឹកនៅឆ្នាំ ២០០០។ វាចាប់ផ្តើមពេលដែល ជីវិតជំនឿជាពុទ្ធបរិស័ទរបស់ខ្ញុំ ត្រូវបានខ្ញុំចោទសួរខ្លួនឯងថា «តើខ្ញុំព្យាយាមធ្វើទាន ដើម្បីអ្វី?» ពុទ្ធបរិស័ទខ្មែរប្រហែលជាមានគំនិតដូចខ្ញុំដែរ ក្រៅអំពីការអប់រំចិត្តអោយមាន សទ្ធាហើយនោះ គឺខ្ញុំប្រាថ្នាសុំអោយជាតិក្រោយកើតមកមានភ័ព្វវាសនាល្អ។ ពេលខ្ញុំលឺ សេចក្តីបង្រៀនរបស់គ្រីស្តសាសនាជាលើកទីមួយដែលអប់រំអំពីការស្រឡាញ់ដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ខ្ញុំចាប់ផ្តើមភ្ញាក់។ មិនតែប៉ុណ្ណោះការលះបង់របស់ បព្វជិតបព្វជិតា កាតូលិកក្នុងការមកបម្រើនៅតាមប្រទេសក្រលំបាកដូចកម្ពុជាដោយមិនគិតពី សេចក្តីសុខ ផ្ទាល់ខ្លួនក៏កាន់តែនាំខ្ញុំអោយយល់ច្បាស់អំពីសេចក្តីបង្រៀនរបស់គ្រីស្តសាសនាមួយនេះ។ នេះជាជំហ៊ានដំបូងដែលនាំខ្ញុំអោយសម្រេចចិត្តជ្រើស គ្រីស្តសាសនា។ ហើយបន្តិចម្តងៗ ខ្ញុំចាប់ផ្តើមរៀនរិះគិតអំពីពុទ្ធសាសនាតាមរយៈ ផ្នត់គំនិតគ្រីស្តសាសនា និងចាប់ផ្តើម ស្រឡាញ់សេចក្តីបង្រៀនរបស់ព្រះពុទ្ធជាម្ចាស់។ បើទោះបីសព្វថ្ងៃខ្ញុំមិនមែនជាគ្រីស្ត សាសនិក ខ្ញុំមើលឃើញព្រះពុទ្ធដូចជាបរមគ្រូមួយរូប ដែលបានស្គាល់សច្ចភាព និងព្យាយាមណែនាំមនុស្សអោយធ្វើសេចក្តីល្អ។ ខ្ញុំអាចញែកបានរវាងសេចក្តីបង្រៀន របស់ព្រះពុទ្ធ និងការប្រតិបត្តពុទ្ធឱវាទដែលលាយឡំនឹងជំនឿក្នុងស្រុក។ នៅពេលដែល ខ្ញុំចាប់ផ្តើមសម្រេចចិត្តចូលក្នុងក្រុមជេស្វីត ខ្ញុំចាំបានថាខ្ញុំចាប់អារម្មណ៍ជីវិតបព្វជិត សម្ងាត់ដែលរស់នៅពីក្រោយរនាំងដែកដើម្បីអធិដ្ឋានអោយពិភពលោក និងបំពេញការងារ កំប៉ិកកំប៉ុកប្រចាំថ្ងៃ។ យ៉ាងណាមិញខ្ញុំមើលឃើញថា សង្គមរបស់ខ្ញុំសព្វថ្ងៃត្រូវការអ្នកដែល បម្រើសង្គមជាច្រើន ម៉្យាងទៀតខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចកាត់ផ្តាច់ខ្លួនពីអ្នកក្រីក្រជុំវិញ ខ្លួននោះទេ។ នេះក៏ព្រោះតែរយៈពេលជិត៥ឆ្នាំ ដែលខ្ញុំបានបំពេញការងារសម្រាប់អ្នកក្រីក្រ អោយព្រះសហគមន៍កាតូលិកព្រៃវែង។ បទពិសោធន៍នោះតែងតែដក់ជាប់ក្នុងដួងចិត្តខ្ញុំ ជានិច្ច មិនថាពេលខ្ញុំសប្បាយ ខ្ញុំលំបាកក្នុងជីវិតជាអ្នកបួសរបស់ខ្ញុំនោះទេ វាតែងតែជា ប្រភពកម្លាំងដែលតែងតែជំរុញ ខ្ញុំដើរទៅមុខដោយអំណរសប្បាយ។ ខ្ញុំចាំបាន ពេលខ្ញុំប្រាប់អំពីបំណងចង់បួសដល់ឪពុកម្តាយខ្ញុំ ម្តាយខ្ញុំគាត់ជំទាស់បន្តិចព្រោះគាត់គិតថា ខ្ញុំក៏អាចបម្រើអ្នកដទៃក្នុងនាមជាគ្រហស្ថផងដែរ។ តែឪពុកខ្ញុំគាត់ប្រាប់ខ្ញុំថា «អ្វីដែលនឹងធ្វើអោយខ្ញុំសប្បាយ សូមធ្វើវាចុះ ព្រោះគាត់មិនចង់អោយខ្ញុំបន្ទោសគាត់ពេល ក្រោយ ដែលរើសផ្លូវជីវិតសម្រាប់ខ្ញុំ។» គាត់បានបន្ថែមថា «គាត់នឹងមិននៅជាមួយខ្ញុំរហូត នោះឡើយ បើខ្ញុំមិនពេញចិត្តអ្វីដែលគាត់ជ្រើសរើសអោយ តើខ្ញុំនឹងទៅបន្ទោសអ្នកណា ក្រោយគាត់លាចាកលោកទៅ?» ពាក្យសម្តីនេះបានជួយលើកទឹកចិត្តខ្ញុំច្រើន ខ្ញុំដឹងថាគ្រួសារក៏ត្រូវការរូបខ្ញុំដើម្បីនៅជួយជ្រោមជ្រែងគ្រួសារ តែជីវិតយើងម្នាក់ៗខ្លីណាស់ យើងមិនមានពេលច្រើនដើម្បីធ្វើអ្វីដែលយើងគិតថាស្រឡាញ់ មានប្រយោជន៍សម្រាប់ សង្គម និងព្រះរាជព្រះជាម្ចាស់នោះឡើយ។ បើទោះផ្លូវដែលខ្ញុំដើរសព្វថ្ងៃមិនស្រួល តែខ្ញុំតែងតែរកឃើញអំណរសប្បាយដែលលាក់កប់ ក្នុងភាពលំបាកនៃជីវិតមួយនេះជានិច្ច។ ខ្ញុំចង់អរព្រះគុណព្រះជាម្ចាស់ដែលតែងតែប្រទានមនុស្សម្នា អោយមកជួយផ្តល់កម្លាំងដល់ ខ្ញុំក្នុងដំណើរមួយនេះ។ អ្វីដែលខ្ញុំមើលឃើញខុសគ្នារវាងជីវិត បព្វជិត និងជីវិតអ្នកបម្រើ ការងារសង្គមគឺជីវិតបព្វជិតយើងមានសមាជិកក្រុមដែលចាំជួយជ្រោមជ្រែង មិនថាផ្លូវចិត្ត និងផ្លូវវិញ្ញាណ ដែលខ្ញុំគិតថាអ្នកបម្រើការងារសង្គមមិនអាចទទួលបាន នេះក៏ដោយសារ ពួកយើងជាអ្នកបួសមានឆន្ទះតែមួយ នោះគឺការបម្រើដោយចិត្តស្រឡាញ់។

ជាចុងបញ្ចប់ខ្ញុំ ចង់សួរយើងរាល់គ្នាថាតើយើងម្នាក់ៗហ៊ានដើរផ្លូវដែល មនុស្សម្នាមិនសូវហ៊ានដើរដើម្បី បម្រើព្រះជាម្ចាស់របស់យើងឬអត់? តើយើងហ៊ានចោទសួរអំពីជីវិតជំនឿរបស់យើងឬអត់? តើជំនឿនោះនាំយើងចេះបម្រើអ្នកដទែដោយចិត្តស្រឡាញ់ ឬក៏ដើម្បីគ្រាន់តែសម្រាប់ ប្រយោជន៍ផ្ទាល់ខ្លួន? អ្វីដែលខ្ញុំចង់ប្រាប់អ្នករាល់គ្នានោះគឺ សូមជ្រើសរើសមាគ៌ាដែលនាំ ផ្លូវចិត្ត និងផ្លូវវិញ្ញាណរបស់យើងអោយមានអំណរក្នុងព្រះជាម្ចាស់ ជាជាងមាគ៌ាដែល អោយយើងសុខតែកាយ តែផ្លូវវិញ្ញាណ និងចិត្តរបស់យើងដូចរស់ក្នុងនរក ឬពោរពេញ ដោយភាពអាត្មានិយម។

 

 

 

 

 

បងប្រុស ជួរ ដាម៉ូ នៃក្រុមសហជីវិនព្រះយេស៊ូ